យើងបាននិយាយជា ច្រើនពីលក្ខណៈពិសេសក្នុងជំនាន់នីមួយៗរបស់ ASP.NET ភាពខុសគ្នារវាង ASP.NET Website និង ASP.NET Web Application ការបង្កើត និងការដំណើរការ Web Application ។
ពេលនេះ ASP.NET របស់អាន យើងនឹងប្រើ Web Application សម្រាប់គ្រប់ការបង្កើតទាំងអស់ ហើយក្នុងលេខនេះយើងនឹងនិយាយពីការរៀបចំ layout ASP.NET ដោយប្រើ Visual Studio 2008 ។បញ្ជាក់៖ លោកអ្នកក៏អាចប្រើ Visual Studio 2005 ឬ 2010 សម្រាប់ការអនុវត្តន៍នេះផងដែរ ។
យើងធ្លាប់បានបង្កើត Web Application ថ្មីមួយរួចហើយ ឥឡូវយើងនឹងបន្តទៅការបង្កើត layout ។
ការបង្កើត Layout
លោកអ្នកនឹងបង្កើត និង រចនា layout គេហទំព័របានយ៉ាងងាយស្រួលជាមួយ Visual Studio ។ដំបូងបើក ASP.NET page ដែលអ្នកចង់រចនា (ឧទាហរណ៍ default.aspx)
រួចលប់ block <h1>…</h1> ដែលបានសរសេរនៅលេខមុន រួចចុចលើ Design នោះវានឹងប្តូរពីផ្ទាំងមានកូដ HTML ទៅផ្ទាំងសម្រាប់រចនា ។ ឧទាហរណ៍ថាយើងចង់បង្កើត layout ដូចរូបខាងក្រោម
យើងនឹង បង្កើតដោយប្រើ table layout តាមរយៈរូបខាងលើវាជា table ដែលមាន ៤ rows និង ២ columns (យើងអាច merge rows ឬ columns បញ្ចូលគ្នាតាមក្រោយបាន) ។ដើម្បីបង្កើត table ចុចលើ menu Table Insert Table នោះផ្ទាំងសម្រាប់កំណត់ពី table ដែលត្រូវ insert នឹងបើកឡើង ។
ដាក់ Rows : 4 និង Columns : 2 ហើយ Cell padding : 0 និង Cell spacing : 10 ដើម្បីឲ្យមានគំលាត រួចចុច OK button ។ឥឡូវ merge cells បញ្ចូលគ្នាបានទៅតាម layout ដែលយើងចង់បាន ដោយ select លើ cells ដែលយើងចង់ merge ហើយ right-click លើ cell ទាំងនោះរូចចុចលើ modify ហើយចុច Merge Cells
រួច merge cells តាមរួបខាងក្រោម
ឥឡូវយើងបាន layout តាមយើងចង់បានហើយ
បញ្ជាក់៖ ពណ៌ខាងលើនេះខ្ញុំគ្រាន់តែដាក់ ដើម្បីឲ្យលោកអ្នកងាយមើលតែប៉ុណ្ណោះ ។ចំណាំ៖ ប្រសិនបើអ្នកចេះបង្កើត និង រចនា layout ដោយប្រើ CSS លោកអ្នកគួរកុំធ្វើតាមវិធីខាងលើនេះ ព្រោះវាធ្វើឲ្យគេហទំព័របើកយឺតជាង CSS ដោយសារតែ <table> និង CSS នៅក្នុង page ។
ការដាក់ Content
ឥឡូវនេះយើងចាប់ផ្តើមដាក់ Logo អក្សរ និង រូបភាពផ្សេងៗចូល page របស់យើង ។ ជាទូទៅយើងបង្កើត folder មួយឈ្មោះ images សម្រាប់ដាក់រូបភាពដោយ right-click លើ web application Add New Folder
ហើយវាយពាក្យ images copy logo និងរូបភាពផ្សេងៗដែលត្រូវការសម្រាប់គេហទំព័រនេះមក paste ក្នុង folder images នេះ ។ ឥឡូវអូស logo ពី folder images ទៅដាក់ក្នុង block Header (ប្រសិនបើផ្ទាំង Accessibility Properties បើកឡើងចុចលើ button OK) ។ក្នុង block Footer វាយពាក្យ “បង្កើតដោយ ឈ្មោះរបស់អ្នក” ហើយនៅ block ខាងស្ដាំខាងលើដាក់ “ប្រភេទអត្ថបទ” ដែលមានដូចជា Windows, សុវត្ថិភាព, Microsoft Office, Internet និង ផ្សេងទៀត ។ ហើយនៅខាងស្ដាំខាងក្រោមដាក់ “គេហទំព័រសំខាន់ៗ” ដែលមានដូចជា IT Forums, វចនានុក្រម ខ្មែរអង់គ្លេស, Download Free Softwares និង ផ្សាលក់កុំព្យូទ័រ ។ ហើយយើងនឹងបានដូចខាងក្រោម
ដើម្បី បាន bold និង bullet list អ្នកអាចចុចប្តូរទៅ Source សរសេរ HTML ឬប្រើ Formatting toolbar របស់ Visual Studio ក៏បាន (ដែលប្រើដូចនឹង Microsoft Word ដែរ) ។ចំណាំ៖ ប្រសិនបើអ្នកមិនឃើញ Formatting toolbar ក្នុង Visual Studio របស់អ្នកទេ អ្នកអាច right-click លើ toolbar ឬ menu ហើយចុចលើ Formatting ។
ប្រយ័ត្ន៖ លោកអ្នកមិនគួរ copy អក្សរពី Microsoft Word ទៅ paste ក្នុង Design របស់ Visual Studio នោះទេ ព្រោះវានឹងបង្កើតកូដ style រញ៉េរញ៉ៃផ្សេងៗ ។ ឧទាហរណ៍គ្រាន់តែ copy ពាក្យ “Windows” ពី Microsoft Word ទៅ paste ក្នុង design នោះវានឹងបង្កើតកូដ HTML ដូចខាងក្រោម
<span>Windows</span>បញ្ជាក់៖ សម្រាប់ការដាក់ពណ៌ ឬរចនាផ្សេងៗ ប្រសិនបើអ្នកចេះ CSS លោកអ្នកគួរប្រើ CSS វិញព្រោះវានឹងធ្វើឲ្យ page បើកលឿន ។យើងឃើញថា ផ្នែកខាងស្ដាំដូចជាធំពេក ដូច្នេះយើងត្រូវការកំណត់ទំហំទទឹងឲ្យវា ដោយដាក់ cursor នៅផ្នែកខាងស្ដាំនៃ <td> ដែលយើងចង់បង្រួមរួចហើយអូសវាតាមទំហំដែលត្រូវការ ។
នៅផ្នែកគេហទំព័រសំខាន់ៗយើងដាក់ link ទៅគេហទំព័រទាំងនោះដោយ select លើអក្សរដែលយើងចង់ដាក់ link ហើយចុចលើ
ដែលនៅលើ Formatting toolbar ហើយវាយ URL រួចចុច OK ។ ចំណែកឯប្រភេទអត្ថបទវិញក៏ជា link ដែរ តែយើងមិនប្រើ link ដូចខាងលើនេះទេ ព្រោះវានឹងខុសពេលដែលប្រើ master page ហើយមាន link ទៅ web page ក្នុង folder ។ ដើម្បីដោះស្រាយបញ្ហានេះ និងឲ្យងាយស្រួលក្នុងការ link យើងប្រើ HyperLink control ដោយអូសវាពី Toolbox មកដាក់នៅ bullet (<li>) នីមួយៗក្នុង “ប្រភេទអត្ថបទ” ឧទាហរណ៍មកជំនួស Windows ។បញ្ជាក់៖ ប្រសិនមិនឃើញសូមអ្នកចុច menu View Toolbox ។
បន្ទាប់ពីអូស HyperLink control ដាក់ក្នុង page រួចយើងត្រូវ select HyperLink control នោះហើយចុច F4 នោះផ្ទាំង Properties នឹងលេចឡើង រួចយើងដាក់ Text = “Windows” និង NagivateUrl = “~/article.aspx?c=1” ។ c=1នៅខាងក្រោយ Url គឺសម្រាប់បញ្ជាក់ id របស់ category=1ដែលតំណាងឲ្យ Windows (ទុកសម្រាប់ធ្វើនៅលេខក្រោយ) ។ ធ្វើដូចគ្នានេះដែរសម្រាប់ សុវត្ថិភាព, Microsoft Office, Internet, និង ផ្សេងទៀត ដោយកំណត់ c=2, c=3, c=4 និង c=5 រៀងគ្នា ។
បន្ទាប់ពីកំណត់រួចលោកអ្នកអាចចុចលើ Ctrl + F5 ដើម្បីដំណើរការ ហើយយើងនឹងបានលទ្ធផលដូចរូបខាងក្រោម
ផ្នែកខាងឆ្វេងយើងមិនទាន់បានដាក់អ្វីនៅឡើយទេ ដោយយើងទុកដាក់អត្ថបទផ្សេងៗ ដែលអត្ថបទទាំងនោះទុកក្នុង database ដែលយើងនឹងធ្វើនៅលេខក្រោយទៀត ។អត្ថបទនេះដកស្រង់ចេញពីទស្សនាវដ្ដី អាន "ANT" ច្បាប់ទី ២២ ចេញផ្សាយខែ មករា ឆ្នាំ ២០១១ ។



6:23 PM
seyha hun
0 comments:
Post a Comment